គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ប្រហុកម្សៅរបស់ក្រុមហ៊ុនខនហ្វីរេលត្រៀមនឹងនាំចេញហើយ

កាលបរិច្ឆេទ: ០៥ កក្កដា ២០២៣ / ម្ហូបអាហារ

ក្រោយពីជួបប្រជុំជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១ កុម្ភៈ មូលនិធិគីណាល់បានជ្រើសរើសប្រធានបទស្តីពីការ​កែច្នៃ​ត្រីប្រហុកសម្រាប់នាំចេញ​នៅ​ក្នុង​​ការប្រលងប្រជែងដណ្តើមពានរង្វាន់ត្នោត​មាស​ ឬ Thnot d’Or ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានពន្យល់យ៉ាងដូច្នេះ៖ «យើងចង់ឃើញប្រហុកដែលជាគ្រឿងផ្សំដ៏សំខាន់មិនអាចខ្វះបានសម្រាប់ម្ហូបខ្មែរក្លាយជាផលិតផលតំណាងឲ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ»។

គ្រាន់តែកិច្ចប្រជុំចប់ភ្លាម លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង និងក្រុមការងារផ្នែកស្រាវជ្រាវ និងអភិវឌ្ឍនៃក្រុមហ៊ុនខនហ្វីរេលក៏ចាប់ផ្តើមធ្វើការងារ​ភ្លាមដែរ ដើម្បីឲ្យគម្រោងនេះឈានទៅមុខ រហូតទទួលបានលទ្ធផលជាផ្លែផ្កា តាមរយៈការផលិតចេញជាម្សៅប្រហុកសម្រាប់ការប្រើប្រាស់ដូចគ្នានឹងម្សៅប្រ្វូម៉ាអ៊ីតាលី ប៉ាកមឺហ្សង់(parmesan) ពោលគឺសម្រាប់បន្ថែមរសជាតិបែបខ្មែរទៅលើមុខម្ហូបអឺរ៉ុបផ្សេងៗដូចជា អូមឺលែត (ពងទាចៀន) និងភីហ្សាជាដើម។

ផលិតផលថ្មីនេះបានក្លាយជាកម្មវត្ថុសម្រាប់ការដាក់ពាក្យសុំប្រកាសនីយបត្រតក្កកម្មអន្តរជាតិនៅវិទ្យាស្ថានជាតិកម្មសិទ្ធិឧស្សាហកម្មនៅប្រទេសបារាំង។ នេះបើតាមប្រសាសន៍របស់លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅខាងក្រៅការប្រកួតដណ្តើមពានរង្វាន់ Thnot d’Or នៅវគ្គផ្តាច់ព្រ័ត្រ។

មួយថ្ងៃក្រោយពីពិធីប្រកាសជ័យលាភី ឯកឧត្តមរដ្ឋមន្រ្តីក៏បានជួបប្រជុំពិភាក្សាជាថ្មីម្តងទៀតជាមួយលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ដើម្បីពន្លឿនគម្រោងនាំចេញប្រហុកទៅបរទេស។

ឯកឧត្តមរដ្ឋមន្រ្តីបានអះអាងយ៉ាងដូច្នេះ៖ «ក្រសួងកសិកម្មមានបំណងជួយជ្រោមជ្រែងឲ្យអស់ពីលទ្ធភាពដល់គម្រោងនាំចេញផលិតផលប្រហុក មិនថាផ្នែកស្រាវជ្រាវ ផ្នែកបច្ចេកទេសផលិត ឬក៏ផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មឡើយ។ រដ្ឋាភិបាលនឹងជួយដល់ក្រុមហ៊ុនឯកជនក្នុងការស្វែងរកហិរញ្ញប្បទានជាមួយនឹងការប្រាក់ទាបសម្រាប់គម្រោងនាំចេញប្រហុកទៅក្រៅប្រទេស។ ផលិតផលប្រហុកបានលើកមុខមាត់ប្រពៃណីវប្បធម៌ខ្មែរ ហើយយើងទាំងអស់គ្នាដែលរស់នៅលើទឹកដីខ្មែរត្រូវចូលរួមគាំទ្រផលិតផលខ្មែរ»។ បើទោះបីជាដំណើរការផលិតម្សៅប្រហុកសម្រេចបានលទ្ធផលយ៉ាងឆាប់រហ័សក្តី ក៏លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានពន្យល់ប្រាប់ឯកឧត្តមរដ្ឋមន្រ្តីថា ក្រុមហ៊ុនត្រូវការពេលវេលាបន្ថែមទៀតដើម្បីធ្វើការសិក្សាឲ្យស៊ីជម្រៅលើគម្រោងដាក់លក់ផលិតផលថ្មីនេះ។ លោកឧកញ៉ាឱសថបណ្ឌិតក៏មិនខុសពីឯកឧត្តមរដ្ឋមន្រ្តីដែរ គឺចង់ឃើញក្រសួងកសិកម្មចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រមូលធនធាន ជាពិសេសគឺធនធានមនុស្សដើម្បីអាចសម្រេចគម្រោងនេះបាន និងចូលរួមផ្សព្វផ្សាយលើកកម្ពស់ផលិតផលប្រហុកខ្មែរនៅលើឆាកអន្តរជាតិឲ្យបានខ្លាំងក្លា៕